(ស្វាយរៀង)៖ ដោយទឹកព្រះទ័យនិងសទ្ធាជ្រះថ្លាក៏ដូចជាការដឹងគុណដល់
លោកវេជ្ជបណ្ឌិត Beat Richner
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី៩
ខែកញ្ញា ឆ្នាំ២០១៨ នេះព្រះចៅអធិការវត្តព្រៃឆ្លាក់រួមនិងលោកអាចារ្យគណកម្មការ និងពុទ្ធបរិសទ្ទចំណុះជើងវត្តជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័នប្រារព្ធពិធីបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់លោកវេជ្ជបណ្ឌិត
Beat Richner ដែលពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៧
ខែកញ្ញា ឆ្នាំ២០១៨ នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់
ក្រុងស្វាយរៀងខេត្តស្វាយរៀង។ តាមសង្ឃដិការបស់ព្រះតេជគណ
យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ បានមានសង្ឃដិកាឱ្យដឹងថាៈ ការប្រារព្ធពិធីបុណ្យបង្សុកូលនៅព្រឹកនេះ
គឺក្នុងបំណងដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំង៧សណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខផងហើយជាពិសេសនោះ
គឺដើម្បីឧទ្ទិសកុសលជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី០៩
ខែកញ្ញា ឆ្នាំ២០១៨ នេះសូមដួងវិញ្ញាណក្ខន្ធរបស់លោកបានទៅចាប់បដិសន្ធិនៅឋានសុគតិភព។
ប្រជាជនខ្មែរពិតជាសោកស្ដាយណាស់ដែលបាត់បង់រូបលោក
និងអរគុណលោកណាស់ដែលលោកបានចំណាយពេលមួយជីវិតដើម្បីសង្រ្គោះកុមារកម្ពុជា។ ក្នុងកំឡុងឆ្នាំ១៩៧៤-១៩៧៥
លោកត្រូវបានបញ្ជូនមកកាន់កម្ពុជាក្នុងបេសកម្មកាកបាទក្រហមស្វីស
ឱ្យបំរើការនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញ។
លោកត្រូវបានបង្ខំចិត្តវិលត្រឡប់ទៅស្វីសវិញនៅមុនការកាន់កាប់អំណាចរបស់ក្រុមខ្មែរក្រមហម។
នៅខែធ្នូ ឆ្នាំ១៩៩១ លោកត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យជួយជួសជុលមន្ទីរពេទ្យគន្ធបុប្ផាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។
សំណើនេះត្រូវបានលោកទទួលយកហើយនៅឆ្នាំ១៩៩២ លោកបានបង្កើតមូលនិធិគន្ធបុប្ផា ដែលមានមូលដ្ឋាននៅទីក្រុងហ្សួរិចប្រទេសស្វីស
និងចាប់ផ្តើមជួសជុលដាក់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ។ គិតត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាអស់ជាង៥០០លានដុល្លារ
ដើម្បីព្យាបាលកុមារចំនួន១៦លាននាក់ ដោយព្យាបាលអ្នកជំងឺពុំគិតកម្រៃដោយមានចំនួន៥សាខានៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត
Beat Richner ដោយជាមធ្យមក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយថវិកាចំនួន១២ម៉ឺនដុល្លារ។
មួយផ្នែកដើម្បីទ្រទ្រង់មន្ទីរពេទ្យលោកវេជ្ជបណ្ឌិតBeat Richner បានសម្តែងសិល្បៈដោយលេងសេឡូដើម្បីប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
ក្រៅពីនេះថវិកាទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផារដ្ឋាភិបាលស្វីសបានផ្តល់ជំនួយ៤លានដុល្លារ
រៀងរាល់ឆ្នាំ និងរដ្ឋាភិបាលកម្ពុជាជិត១០លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះនៅឆ្នាំ២០១៥
រដ្ឋាភិបាលកម្ពុជាបានបង្កើនថវិកាវិភាកទានជាសាច់ប្រាក់ចំនួន២លានដុល្លារ ហើយនៅឆ្នាំ២០១៦
រដ្ឋាភិបាលបានបង្កើនថវិកាវិភាគទានជាសាច់ប្រាក់រហូតដល់៦លានដុល្លារ
គិតត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាអស់ជាង៥០០លានដុល្លារ ដើម្បីព្យាបាលកុមារ
។ ក្នុងរយៈពេល២៤ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលកុមារបានចំនួន១៦លាននាក់ ក្នុងនោះ១.៦លាននាក់ស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ
ក្នុងមួយខែៗមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងនៅសៀមរាបបានជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកុមារជាង៨ម៉ឺននាក់់។
ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង













No comments:
Post a Comment