(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែតុលា
ឆ្នាំ២០១៨នេះ ខេត្តស្វាយរៀង បានរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា
និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារ
និងសង្គមជាតិ» និងពិធីចែកប័ណ្ណ និងបើកផ្ដល់ប្រាក់របបគោលនយោបាយ
ជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្រោមអធិបតីភាព ឯកឧត្ដម វង សូត
រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវ និងឯកឧត្ដម ម៉ែន
វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល
នៃគណៈអភិបាលខេត្ត បានបង្ហាញពីសុទិដ្ឋិនិយមថា
តាមរយៈការប្រារព្ធទិវាដ៏មានសារៈសំខាន់នៅថ្ងៃនេះ ប្រជាពលរដ្ឋជាទូទៅ
និងយុវជននៅក្នុងខេត្ត នឹងបានជ្រួតជ្រាប
និងយល់កាន់តែច្បាស់អំពីអត្ថន័យនៃទិវាមនុស្សចាស់ ព្រមទាំងចូលរួមកាន់តែផុលផុស
និងទូលំទូលាយជាងមុន ក្នុងការរួមចំណែកបង្កើនសុខុមាលភាពការថែទាំ
និងការគ្រប់គ្រងមនុស្សវ័យចាស់ឲ្យបានកាន់តែល្អប្រសើរថែមទៀត
ហើយក្នុងនាមអាជ្ញាធរខេត្ត
គឺនៅតែបន្តជំរុញការចាត់តាំងអនុវត្តនូវរាល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគាំពារ
ថែរក្សា និងលើកកម្ពស់សុខុមាលភាពមនុស្សចាស់
ការបន្តចលនាមនុស្សវ័យចាស់ដែលមានប្រមាណជាង ៥ម៉ឺននាក់ នៅក្នុងខេត្ត
ឲ្យចូលជាសមាជិកសមាគមមនុស្សចាស់ឲ្យបានកាន់តែច្រើនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យពួកគាត់
កាន់តែទទួលបានផលប្រយោជន៍ច្រើនជាងមុន ប្រសើរជាងមុន និងទូលាយជាងមុន ។
សូមបញ្ជាក់ថា
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា
គឺជាទិវាមួយដែលប្រារព្ធឡើងសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា
ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក
និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ
ជាពិសេសមនុស្សវ័យចាស់ ហើយនៅក្នុងឆ្នាំ២០១៨នេះ ប្រារព្ធឡើងក្រោមប្រធានបទ
“សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ”
៕ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង













No comments:
Post a Comment