(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម ម៉ែន វិបុល
អភិបាលនៃខណះអភិបាលខេត្តស្វាយរៀង ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត
បានអញ្ជើញជាអធិបតីក្នុង
ពិធីប្រកាសផ្សព្វផ្សាយគណៈកម្មការជំរឿនទូទៅប្រជាជននៅខេត្តស្វាយរៀង ឆ្នាំ២០១៩
ថ្នាក់ខេត្ត និងក្រុង-ស្រុក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ
និងមានការចូលរួមពី លោកថោង សាមាន
ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត
កងម្លាំងនគរបាលក្រុងស្រុក លោកអភិបាលក្រុងស្រុក លោកមេឃុំចៅសង្កាត់ទូទាំងខេត្ត
និងមន្ត្រីពាក់ព័ន្ធនានាជុំវិញខេត្ត ។ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ជំរឿនគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ ដែលអាចឲ្យយើងទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរាជរដ្ឋាភិបាលអាចរៀបចំតាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ ហើយទិន្នន័យស្ថិតិដែលប្រមូលបានតាមរយៈការធ្វើជំរឿន នឹងក្លាយជាទិន្នន័យមូលដ្ឋានយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ និងត្រួតពិនិត្យវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ព្រមទាំងវាយតម្លៃការសម្រេចបានការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
លោកបានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០១៩នេះ គឺជាលើកទី៤
ដែលព្រះរាជាណាចក្រកម្ពុជា បានរៀបចំជំរឿនទូទៅប្រជាជន
បន្ទាប់ពីបានរៀបចំប្រកបដោយជោគជ័យ ចំនួន ៣លើករួចមក ហើយជំរឿនលើកទី៤
ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ
រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុងសម្រាប់រៀបចំ
ដែលខុសពីជំរឿនប្រជាជន ឆ្នាំ១៩៩៨ និងជំរឿនប្រជាជនឆ្នាំ២០០៨
ដែលភាគច្រើនទទួលបានជំនួយបច្ចេកទេស
និងហិរញ្ញវត្ថុពីមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
(JICA) ដែលនេះក៏ព្រោះតែកត្តាសុខសន្តិភាព
និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផលនៃនយោបាយឈ្នះ-ឈ្នះ
និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ក្នុងឱកាសនោះផងដែរ
ដើម្បីចូលរួមចំណែកឲ្យដំណើរការចុះធ្វើជំរឿនប្រព្រឹត្តទៅដោយរលូន
ធានាបាននូវភាពសុក្រឹត្យ និងត្រឹមត្រូវ ឆ្លើយតបនឹងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ជាតិ
ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គ្រប់សមាសភាព និងអាជ្ញាធរពាក់ព័ន្ធ
ជាពិសេសមន្ត្រីអនុវត្តផ្ទាល់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់
និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ
អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច
ត្រូវចូលរួមសហការឲ្យបានពេញលេញនៅគ្រប់ដំណើរការ
និងផ្ដល់ព័ត៌មានពាក់ព័ន្ធនានាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ
ដើម្បីគាំទ្រដល់ដំណើរការចុះធ្វើជំរឿនជាក់ស្ដែងនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ត្រូវចូលរួមផ្សព្វផ្សាយអំពីការចុះធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ ឲ្យបានទូលំទូលាយ
និងជ្រួតជ្រាបដល់ប្រជាជនគ្រប់មូលដ្ឋានក្នុងខេត្ត និងធានាឲ្យមានការចូលរួម
ផ្ដល់កិច្ចសហការពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ដោយឡែកគណៈកម្មាធិការជំរឿនគ្រប់ថ្នាក់
និងមន្ទីរផែនការខេត្ត។
គួររៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីអនុវត្ត ទាំងមន្ត្រីត្រួតពិនិត្យ
និងមន្ត្រីសម្ភាសន៍ ធ្វើយ៉ាងណាធានាឲ្យការប្រមូលទិន្នន័យជំរឿនបានត្រឹមត្រូវ
សុក្រឹត្យ និងចៀសវាងបាននូវកំហុសឆ្គងផ្សេងៗ
ព្រមទាំងត្រូវមានការសហការប្រកបដោយសាមគ្គីភាព ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានសរុប
មធ្យោបាយសរុប ដើម្បីឲ្យកិច្ចការជំរឿនទូទៅប្រជាជន នៅក្នុងខេត្តស្វាយរៀង
ទទួលបានលទ្ធផលជោគជ័យល្អប្រសើរតាមផែនការដែលបានគ្រោងទុកផងដែរ ៕ ដោយ៖ភក្ដី
















No comments:
Post a Comment