(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបភាពឯកឧត្តម
ម៉ែន វិបុល អភិបាលនៃគណៈអភបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់
ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់ខេត្តស្វាយរៀង
និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក
លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក
ព្រមទាំងលោក លោកស្រី ដែលជាតំណាងអង្គការសង្គមស៊ីវិលនានាក្នុងខេត្ត ។ មានប្រសាសន៍ក្នុងការបើកអង្គវេទិកានាឱកាសនោះ
ការបញ្ជាក់ជូនពីគោលបំណងនៃការរៀបចំវេទិកានៅថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត
បានថ្លែងនូវការគុណ ចំពោះមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត
ដែលបានសហការរៀបចំវេទិកានេះឡើង និងសម្ដែងនូវការកោតសរសើរចំពោះមន្ទីរ-អង្គភាព
រដ្ឋបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ អស់ ដែលបានខិតខំសហការ
និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព
ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល កន្លងទៅ បានល្អប្រសើរ ។
ឯកឧត្ដមអភិបាលខេត្ត
ក៏បានសំណូមពរឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូល
ចូលរួមបញ្ចេញមតិយោបល់ឲ្យបានផុលផុស ជួយគាំទ្ររាល់គម្រោងដែលបានលើកឡើង
និងធ្វើយ៉ាងណាបង្រួមសកម្មភាពក្រៅគម្រោងឲ្យនៅតិច
ដោយបញ្ចូលសកម្មភាពទាំងនោះទៅក្នុងគម្រោងឲ្យបានច្រើន ធ្វើយ៉ាងណាឲ្យការរៀបចំគម្រោងវិនិយោគបីឆ្នាំរំកិល
២០១៩-២០២១ របស់ខេត្ត កាន់តែមានភាពសុក្រឹត្យ មានលក្ខណៈគ្រប់ជ្រុងជ្រោយ
និងធានានូវភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នារវាងគ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក
ឃុំ សង្កាត់ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ខេត្តប្រាំឆ្នាំ
ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន
ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស ។ ចុងបញ្ចប់នៃកម្មវិធី
ឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្ត
បានមានប្រសាសន៍ធ្វើយ៉ាងណាអោយទទួលបានលទ្ធផលជោគជ័យ
រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន
ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស
និងត្រូវខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព
ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល អោយបានល្អប្រសើរផងដែរ ៕ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖
មន្ទីរព័ត៌មានខេត្តស្វាយរៀង









No comments:
Post a Comment