(ស្វាយរៀង)៖ ឯកឧត្ដម ម៉ែន វិបុល អភិបាល
នៃគណៈអភិបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា
និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា
ឆ្នាំ២០១៨នេះ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោក
លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក
និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ
និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយុវជន
និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលនៅក្នុងខែវិច្ឆិកា
កន្លងមកនេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត
រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ
និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុងការពារសន្តិសុខ
សុវត្ថិភាពយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ។
លោកអភិបាលខេត្ត
ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ
និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម
៖
១. ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២. អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ
ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់
និងរន្ទះជាដើម និងចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។
៣. មន្ទីរ-អង្គភាព
កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក
ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ
និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ជាពិសេសចូលរួមផ្សព្វផ្សាយ
និងជំរុញប្រជាពលរដ្ឋឲ្យអញ្ជើញទៅបង់ពន្ធលើមធ្យោបាយធ្វើដំណើរឲ្យបានទាន់ពេលកំណត់ ។
៤. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តសហការតាមដានការប្រមូលផលស្រូវរដូវវស្សា
និងការបង្កបង្កើនផលស្រូវរដូវប្រាំង
និងត្រូវត្រៀមអន្តរាគមន៍នៅពេលមានបញ្ហាណាមួយកើតឡើងដែលនាំឲ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋ
។
៥. មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច
និងរដ្ឋបាលក្រុង ស្រុក
ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត ។
៦. រដ្ឋបាលក្រុង-ស្រុក
ទាំងអស់
ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព
និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ជាចុងបញ្ចប់លោក
ក៏បានផ្ដាំផ្ញើដល់គ្រប់អង្គភាព-ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់
ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយ
កុំឲ្យប្រជាពលរដ្ឋជួលដីនៅតាមបណ្តោយព្រំដែនទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង
និងចូលរួមថែរក្សា កាពារបង្គោលព្រំដែនដែលបានបោះរួចឲ្យបានគង់វង្សល្អប្រសើរ ៕ ដោយ៖ភក្ដី








No comments:
Post a Comment