(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្ដម ម៉ែន វិបុល អភិបាល
នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល
អភិបាលរង នៃគណៈអភិបាលក្រុង និងនាយករដ្ឋបាលសាលាក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៨
ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្ត
បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង
មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ
ប្រជាពលរដ្ឋនៅទូទាំងក្រុងស្វាយរៀង និងលោក យូ ប៊ុននី អតីតអភិបាលក្រុង
ដែលទើបចូលនិវត្តន៍កាលពីពេលថ្មីៗនេះ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត
បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលក្រុង
និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យក្រុងរបស់ខ្លួន
សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ
រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា
ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក ណុប ចំរើន
ត្រូវបានតែងតាំងជាអភិបាលក្រុង លោក ជួនចាន់ឫទ្ធី ជាអភិបាលរងក្រុង និងលោក ភឹម ថា
ជានាយរដ្ឋបាលសាលាក្រុង ។
ឯកឧត្ដមអភិបាលខេត្ត
ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
-ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង
និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍
និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ
-ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិភាព
ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់
និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង
-គណៈអភិបាលក្រុង ត្រូវរៀបចំធ្វើការបែងចែកតួនាទី
ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលក្រុងឲ្យបានច្បាស់លាស់
-ត្រូវបន្តពង្រឹងការគ្រប់គ្រងការិយាល័យច្រកចេញចូលតែមួយ
ឲ្យបានល្អ
-ត្រូវយកចិត្តទុកដាក់គ្រប់គ្រង
និងណែនាំស្មៀនសង្កាត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង
ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន
-ត្រូវពង្រឹងការគ្រប់គ្រង
និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ
-ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ
បរិស្ថាន អនាម័យនៅក្នុងក្រុង ជាពិសេសនៅខាងក្នុង និងជុំវិញផ្សារវាយយន្ត
នៅតាមដងផ្លូវ និងសួនច្បារសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព
ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត
-ត្រូវបន្តជំរុញ
និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត
-ត្រូវខិតខំរួមសហការគ្នាអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានការរីកចម្ររើនថែមទៀត
ព្រមទាំងត្រូវចុះដោះស្រាយបញ្ហា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ
និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន
និងទទួលបានផលច្រើនជាងមុន ៕ ដោយ៖ភក្ដី
















No comments:
Post a Comment