(ស្វាយរៀង)៖ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល
អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាជាអធិបតីក្នុង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៨ និងលើកទិសដៅការងារខែមករា
ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ និងមានការអញ្ជើញចូលរួមពី
ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត
និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
ឯកឧត្តម ម៉ែន វិបុល បានថ្លែងអំណរគុណ
និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយុវជន
និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលនាពេលកន្លងមកនេះ
បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត
រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ
ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមផ្ដល់ជាប្រយោជន៍
ឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ លោកបានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព
រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់
ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១. ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២. មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ
និងអាជ្ញាធរក្រុងស្រុក ត្រូវសហការ និងគាំទ្រ ដល់ការប្រមូលពន្ធដារ ពន្ធគយ
និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការកំណត់ ។
៣. មន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត
ត្រូវសហការជាមួយអាជ្ញាធរដែនដី បន្តតាមដានការប្រមូលផលស្រូវរដូវវស្សា
និងការបង្កបង្កើនផលស្រូវរដូវប្រាំង ស្រូវប្រដេញទឹក
ជាពិសេសត្រូវមានវិធានការរក្សាទឹកទុក
សម្រាប់ត្រៀមអន្តរាគមន៍នៅពេលមានបញ្ហាណាមួយកើតឡើងដែលនាំឲ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋ
។
៤. មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច
និងរដ្ឋបាលក្រុង ស្រុក
ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត ។
៥. រដ្ឋបាលក្រុង-ស្រុក ទាំងអស់
ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព
និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោកអភិបាលខេត្ត ក៏បានបញ្ចាក់ថា៖
គ្រប់អង្គភាព-ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវបន្តអប់រំ ណែនាំ
និងផ្សព្វផ្សាយ កុំឲ្យប្រជាពលរដ្ឋជួលដីនៅតាមបណ្តោយព្រំដែនទៅឲ្យប្រជាពលរដ្ឋ
នៃប្រទេសជិតខាងជាដាច់ខាត ៕ ដោយ៖ភក្ដី









No comments:
Post a Comment