ពិធីដង្ហែរ និងអភិសេករូបសំណាក់ លោកតាគង់ យាយដើង មកកាន់ទីន្លែងអាស្រមថ្មី នៅខាងលិចមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, December 31, 2018

ពិធីដង្ហែរ និងអភិសេករូបសំណាក់ លោកតាគង់ យាយដើង មកកាន់ទីន្លែងអាស្រមថ្មី នៅខាងលិចមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង


(ស្វាយរៀង)៖ ក្រោមអធិបភាពលោកជំទាវ ដួង វណ្ណា តំណាងរាស្រ្តខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុង ពិធីដង្ហែរ និងអភិសេករូបសំណាកលោកតាគង់ យាយដើង នៅខាងក្រោយមន្ទីរគណបក្សខេត្តស្វាយរៀង នាព្រឹកថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ បានចូលរួមដង្ហែរូបសំណាកលោកតាគង់ យាយដើង តាមរថយន្តចំនួន១ជុំក្នុងក្រុងស្វាយរៀងមកកាន់ទីន្លែងអាស្រមថ្មីផងដែរ ។
សូមជម្រាបជូនថា សមិទ្ធិផលថ្មីដែលលេចចេញជារូបរាងក្នុងបំណាច់២០១៨ ឈានចូលឆ្នាំ២០១៩នេះ ជាគំនិតផ្តួចផ្តើមក៏សាងឡើងដោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង បានរៀបចំក៏សាងនូវទីសក្ការៈ ដ៏ស្រស់ស្អាតនេះស្ថិតនៅលើទីតាំងចាស់គឺអាស្រម(លោកតាគង់ យាយដើង) ខាងក្រោយមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តខេត្តស្វាយរៀង ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។


ឯកឧត្តម ម៉ែន វិបុល បានអាននូវជីវប្រវត្តិលោកតាគង់ យាយដើង ដែលចងក្រងឡើងដោយមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង ។
#អំពីជីវប្រវត្តិលោកតាគង់យាយដើង
តាមសាវតារលោកតាគង់យាយដើងនេះមានប្រវត្តិចាប់ផ្តើមកើតឡើងនៅក្នុងសម័យសង្គ្រាមខ្មែរនិងចាម្ប៉ា។នាសតវត្សទី៩មានស្ដេចចាម្ប៉ាមួយអង្គជាមេទ័ពធំនៃនគរចាម្ប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរតែកងទ័ពបច្ចាមិត្តត្រូវបរាជ័យរត់ខ្ចាត់ខ្ចាយរលាយ អស់ ។
ចូលមកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ ដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិផ្ទៃក្នុង នគរចាម្ប៉ាបានបញ្ជូនកងទ័ពមករាតត្បាតលុកលុយ និងកាន់កាប់ត្រួតត្រាដែនដីខ្មែរនៅដីសណ្តរទន្លេភាគអគ្នេយ៍។ កងទ័ពចាម្ប៉ា បានដុតបំផ្លាញផ្ទះសំបែង ភូមិស្ថានប្រជារាស្រ្ដខ្មែរជិះជាន់កាប់សម្លាប់ លួចប្លន់ដឹកជញ្ជូនទ្រព្យសម្បត្ដិអ្នកស្រុក អ្នកភូមិខ្មែរនាសម័យនោះ។



អង្គព្រះមហាក្សត្រខ្មែរ កាលបើពង្រឹងអំណាច និង រៀបចំទឹកដីឲ្យមានឯកភាពរួចស្រេចហើយ ព្រះអង្គក៏ចាប់ផ្ដើមបើកការវាយប្រហារ ដេញកំចាត់ទ័ពបច្ចាមិត្តចេញពីនគរ។
ព្រះអង្គបានគិតយ៉ាងល្អិតល្អន់ថា ត្រូវតែធ្វើសង្គ្រាមវាយកំទេចនគរចាម្ប៉ាឲ្យបាក់ស្បាត ហើយយកមកដាក់បញ្ចូលជាចំណុះទឹកដីខ្មែរ។ គ្រានោះដែរព្រះមហាក្សត្រទ្រង់បានចេញព្រះរាជបញ្ជាមេទ័ពម្នាក់(មិនប្រាកដនាម) ដឹកនាំកងពលទាហានយ៉ាងច្រើនសម្បើម ទៅវាយរុញច្រានទ័ពបច្ចាមិត្តតាមទិសអគ្នេយ៍នៃប្រទេសដែលបច្ចុប្បន្ននេះគឺខេត្តស្វាយរៀង។ មកដល់តំបន់មួយផែ្នកអគ្នេយ៍នៃប្រទេសកម្ពុជា ក្រុមទ័ពខ្មែរបានស្លាប់បាត់បង់ជីវិតអស់មួយចំនួនខ្លះស្លាប់ដោយសារសត្រូវអ្នកខ្លះស្លាប់ដោយសារជំងឺនិងមួយចំនួនទៀតបានស្លាប់ដោយការខ្វះស្បៀងអាហារ។ជាភ័ព្វសំណាងពួកគេបានមកជួបនឹងព្រឹទ្ធាចារ្យម្នាក់ដែលចេះព្យាបាលជំងឺដោយមន្តគាថាហើយរាងកាយរបស់គាត់មានឬទ្ធិដែលកាប់មិនមុតនិងដុតមិនឆេះ។
លោកព្រឹទ្ធាចារ្យត្រូវបានអ្នកស្រុកហៅគាត់ថាលោកតាថ្នាំគង់។មេទ័ពនោះក៏បានចូលមកពឹងពាក់អាស្រ័យលោកតាដើម្បីជួយសង្គ្រោះដល់កងទ័ពដែលនៅរស់រានមានជីវិតដើម្បីជាសះស្បើយពីជំងឺនានាព្រមទាំងសុំរៀននូវវេទមន្តគាថាខ្លះដើម្បីការពារពីសឹកសត្រូវ។ក្រោយពីទទួលការព្យាបាលជំងឺនិងរៀនបាននូវវេទមន្តការពារខ្លួនស្រេចហើយមេទព័នោះបានបន្តដឹកនាំទ័ពទៅមុខទៀត។ក្នុងខណៈពេលបន្តដំណើរទៅមុខបានចម្ងាយប្រហែលជាបីយោជន៍(៤៨គីឡូម៉ែត្រ) កងទ័ពក៏កាន់តែខ្សត់ខ្សោយស្បៀងក៏បានជួបលោកយាយម្នាក់ដែលមានសម្បុរសស្តើងគាត់បានអនុគ្រោះដល់ទ័ពទាំងនោះដោយផ្តល់អាហារសម្រាប់បរិភោគនិងរក្សាទុកជាស្បៀងសម្រាប់បន្តដំណើរទៅធ្វើសឹកសង្គ្រាមនៅពេលខាងមុខទៀត។លោកយាយដែលមានសម្បុរសស្តើងនោះក៏ជាអ្នកមានតំណរខាងឬទ្ធិពូកែពីលោកឳពុកគាត់ដែលអ្នកស្រុកតែងតែមកពឹងពររកគាត់ជាប្រចាំ។




កងទ័ពដែលបានទទួលការអនុគ្រោះពីលោកតាថ្នាំគង់និងលោកយាយសស្តើង(ដើង)ក៏បានបន្តទៅមុខទៀតនិងបានទទួលបានជោគជ័យពីបច្ចាមិត្តយ៉ាងត្រចះត្រចង់។ចំណេរក្រោយមកលោកតាថ្នាំគង់និងលោកយាយសម្បុរសស្តើងបានទទួលអនិច្ចកម្មទៅ។អ្នកស្រុកនៅតែមានជំនឿលើគាត់បានកសាងដីទួលមួយ(សព្វថ្ងៃនៅម្តុំវត្តកោះជុំក្រុងស្វាយរៀង) ដើម្បីអធិដ្ឋានព្រលឹងរបស់គាត់ឲ្យនៅឋិតថែរក្សាអ្នកស្រុក។ពេលអ្នកស្រុកមានជួបបញ្ហាម្តងៗតែងទៅអង្វរកឲ្យលោកតាថ្នាំគង់និងលោកយាយសស្តើងជួយសង្គ្រោះ។រាល់អ្នកមាននិស្ស័យដែលទៅបែរបន់ព្រលឹងលោកតាថ្នាំគង់និងលោកយាយសស្តើងតែងបានសម្រេចដូចសេចក្តីប្រាថ្នា។លុះក្រោយមកអ្មកស្រុកដែលរស់នៅនៅជាប់ដងទន្លេនេះបានឧទ្ទិសនាមដល់ពួកគាត់ថាអ្នកតាថ្នាំគង់និងយាយទេពសស្តើង។យូរៗទៅក៏ក្លាយទៅជាអ្នកតាគង់លោកយាយដើង(ស្តើង)វិញ។លោកតាគង់និងលោកយាយដើងមានបារមីសក្តិសិទ្ធិខ្លាំងណាស់ទើបអ្នករស់នៅតាមបណ្តោយទន្លេវ៉ៃគោផ្នែកខាងលិចតែងមានជំនឿជឿជាក់រហូតដល់ពេលបច្ចុប្បន្ន។



លុះដល់សម័យអាណានិគមបារំាងគ្រប់គ្រងខេត្តស្វាយរៀងថ្ងៃមួយមានរដ្ឋការបារាំងម្នាក់ បានទៅជួបថ្វាយបង្គំព្រះមេគណខេត្តស្វាយរៀងព្រះនាមគង់ដែលព្រះអង្គគង់នៅវត្តព្រៃលាក់(វត្តព្រៃឆ្លាក់)។រដ្ឋការបារាំងនោះបានសួរព្រះអង្គថាតើនៅទឹកដីនេះមានទីកន្លែងណាទៅដែលជាទឹកដីជយភូមិអាចកសាងបន្ទាយបាន។ព្រះមេគណគង់ព្រះអង្គបានសម្លឹងឃើញតំបន់នៅខាងលិចទន្លេវ៉ៃគោ(បន្ទាយទាហានបច្ចុប្បន្ន) មានបឹងតូចធំវាលទំនាបលិចទឹកជាប្រចាំដូច្នេះមានតែប្រាប់ឲ្យយកកន្លែងនោះទៅ។ក្រោយមករដ្ឋការបារាំងនឹងលុបបឹងតូចធំវាលទំនាបនោះឲ្យក្លាយទីគោកហើយបានរៀបចំបន្ទាយនៅទីតាំងដែលព្រះមេគណគង់បានមានសង្ឃដិកាចង្អុលបង្ហាញ។
ក្រោយពីបន្ទាយបារំាងបានកសាងរួចរាល់ម្តុំនេះក៏បានសាងសង់នូវអគាររដ្ឋបាលផ្សេងៗជាបន្តបន្ទាប់បន្ទាប់មកក៏បានក្លាយជាទីប្រជុំជន។សម័យនោះមានខ្មែរយើងមួយចំនួនធំបម្រើការឲ្យរដ្ឋការបារាំងដែរ។ថ្ងៃមួយនារដូវប្រាំងមានរដ្ឋការបារាំងមួយក្រុមបានជិះរថយន្តឆ្ពោះទៅទិសខាងត្បូងដោយឆ្លងកាត់អាស្រមលោកតាគង់និងយាយដើង (នៅទល់មុខវត្តកោះជុំសព្វថ្ងៃ) ដោយក្រុមរដ្ឋការទាំងនោះបានស្រែកហ៊ោរកញ្ជ្រៀវយ៉ាងសេចក្តីសប្បាយរីករាយ។មួយសន្ទុះក្រោយមករថយន្តនោះក៏ជាប់ផុងលើដីគោកទោះបីនាំគ្នាចុះរុញយ៉ាងណាក៏រថយន្តនោះមិនអាចរំកិលទៅមុខទៀតបានឡើយ។ ខណៈនោះមានអ្នកស្រុកបាននាំគ្នាមកមើលហើយប្រាប់ថាពួកអស់លោកប្រហែលជាបានធ្វើអ្វីមិនគប្បីនៅទីនេះហើយបានជារថយន្តជាប់ផុងនៅទីនេះ។ដូច្នេះដើម្បីបានទៅរួចសូមថ្វាយភ្លេងពិណពាទ្យនិងសុំខមាទោសបារមីលោកតាគង់-យាយដើងទៅនឹងបានរួចពីគ្រោះភ័យនេះហើយ។


ស្តាប់អ្នកស្រុកនិយាយយ៉ាងនេះហើយខ្មែរយើងម្នាក់ដែលបម្រើឲ្យក្រុមរដ្ឋការបារាំងបានទៅរកភ្លេងពិណពាទ្យប្រគុំបួងសួងនិងសុំខមាទោសរួចរាល់កាលណារថយន្តនោះក៏អាចបន្តដំណើរទៅមុខទៀតដោយសុវត្ថិភាព។
ចាប់ពីពេលនោះមកដោយពួកគាត់មានជំនឿលើបារមីលោកតាគង់និងយាយដើងក៏នាំគ្នាកសាងអាស្រមតូចមួយនៅប្របខាងលិចមាត់ទន្លេវ៉ៃគោហើយបានអញ្ជើញបារមីលោកតាគង់និងយាយដើងមកសណ្ឋិតនៅទីនេះជារៀងរហូតមក។ព្រោះទីតាំងចាស់ស្ថិតលើដីកោះតូចមួយហើយលិចទឹកខ្លាំងក្នុងរដូវវស្សាជាហេតុពិបាក ក្នុងការធ្វើដំណើទៅបន់ស្រន់ផងដែរ ៕ដោយ៖ភក្ដី



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages