(ស្វាយរៀង)៖ ក្រោមអធិបតីភាពឯកឧត្ដម រស់
ផារិទ្ធិអភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត
បានអញ្ជើញជាចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសនិងផែនការយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ
និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩
និងមានការចូលរួមពីលោកជំទាវ ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី
នាយក-នាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រី អភិបាលរងក្រុង-ស្រុក
ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ។
លោក រស់ ផារិទ្ធិ អភិបាលរងខេត្ត មានប្រសាសន៍ថា៖
នៅក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%
ដោយបានប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប
ព្រមទាំងបានកាត់បន្ថយភាពក្រីក្រនៅត្រឹមក្រោម១០% ។
ពិតណាស់សមិទ្ធផលទាំងនេះ គឺកើតចេញពីការកែទម្រង់អភិបាលកិច្ចជាបន្តបន្ទាប់
ដែលរហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាមូលដ្ឋាន
ក្នុងការធ្វើទំនើបកម្មប្រព័ន្ធ អភិបាលកិច្ច
តាមរយៈការជំរុញប្រយុទ្ធប្រឆាំងអំពីពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌
ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ការកែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ
ព្រមទាំងការកែទម្រង់តាមវិស័យនានា ។
ទទ្ទឹមនឹងសមិទ្ធផលនេះដែរ
ក៏មានបញ្ហាប្រឈមមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវបន្តដោះស្រាយឲបានជោគជ័យ
តាមរយៈការយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៤គឺ៖ ការអភិវឌ្ឍន៍ធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកស្ទួយវិស័យឯកជននិងការងារ,
ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន។
សំដៅសម្រេចអោយបាននូវគោលដៅយុទ្ធសាស្ត្រចំនួន៤ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦នៃរដ្ឋសភាក្នុងគោលបំណងកសាងមូលដ្ឋានអោយរឹងមាំឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា
អោយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោកអភិបាលរងខេត្តក៏បានផ្ដាំផ្ញើដល់លោកនាយករដ្ឋាបាល
លោកនាយកទីចាត់ការ ប្រធានអង្គភាព
និងរដ្ឋបាលក្រុង-ស្រុកទាំងអស់សូមយកចិត្តទុកដាក់អនុវត្តន៍អោយមានប្រសិទ្ធភាពខ្ពស់បំផុត
នូវស្មារតីនៃប្រកាសស្ដីពីការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ
និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងផែនការយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ
និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផងដែរ៕ ដោយ៖ភក្ដី








No comments:
Post a Comment