(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល
អភិបាលខេត្តស្វាយរៀង
បានអញ្ជើញពិនិត្យមើលអាគារថ្មីនៃធនាគារនៃកម្ពុជាសាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៨
ខែកុម្ភៈ ឆ្នាំ២០១៩ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត
ដែលទើបសាងសង់រួចរាល់ នឹងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិតីភាពឯកឧត្តម ជា ចាន់តូ
អគ្គទេសាភិបាលនៃធនាគាតិនៃកម្ពុជា ។
អំពីប្រវត្តិ៖
ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៥៤
បន្ទាប់ពីប្រទេសជាតិបានទទួលឯករាជ្យពីអាណានិគមនិយមបារាំង និង បន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ។
ធនាគារជាតិនៃកម្ពុជាបានបោះផ្សាយប្រាក់រៀលឯករាជ្យរបស់ខ្លួនដើម្បីបញ្ចប់ជាស្ថាពរនូវសម្ព័ន្ធភាពជាមួយប្រាក់
វៀតណាម និង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេសត្រូវបានបង្កើតឡើងដោយមានធនាគាររដ្ឋ
និង ធនាគារឯកជន ធ្វើប្រតិបត្តិការទន្ទឹមគ្នាលើដែនដីប្រទេសកម្ពុជា។
នៅឆ្នាំ ១៩៦៤
ដើម្បីបំរើឱ្យគោលនយោបាយកសាងជាតិនៃសង្គមរាស្ត្រនិយម
រដ្ឋបានធ្វើការកែទម្រង់ប្រព័ន្ធធនាគារជាបន្តបន្ទាប់
ដើម្បីតម្រូវទៅតាមសេចក្តីត្រូវការនៃសេដ្ឋកិច្ចជាតិនាសម័យនោះ ដោយបានប្រែក្លាយធនាគារ
ជាតិនៃកម្ពុជាពីទម្រង់ស្ថាប័នពាក់កណ្តាលស្វ័យតទៅ ជាធនាគាររដ្ឋក្រោម
ទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម ចំណែកឯ
ធនាគារឯកជនជាតិ និងបរទេសត្រូវបានបិទទ្វារ ហើយរដ្ឋបាន
បង្កើតធនាគារដែលកាន់កាប់ដោយរដ្ឋមួយចំនួនដូចជា ធនាគារឥណទាន ជាតិធនាគារអភិវឌ្ឍន៍និងធនាគារកសិកម្មជនបទ។
ចាប់តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ខែមេសា ឆ្នាំ១៩៧៥
រដ្ឋបានធ្វើសេរីភាវូបនីយកម្មជាថ្មីទៅលើប្រព័ន្ធធនាគារ។
ធនាគារឯកជនត្រូវបានអនុញ្ញាត ឱ្យធ្វើសកម្មភាពទន្ទឹមគ្នានឹងធនាគាររដ្ឋក្រោមការបញ្ជាណែនាំ
និងការត្រួត ពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។ ជាអកុសលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥
ធនាគារជាតិនៃកម្ពុជាត្រូវបាន
បិទទ្វារប្រព័ន្ធធនាគារទូទាំងប្រទេសត្រូវបានលុបបំបាត់ចោលអគារធនាគារ
ជាតិនៃកម្ពុជាត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់។
រហូតមកដល់ឆ្នាំ ១៩៧៩
ទើបធនាគារជាតិនៃកម្ពុជាត្រូវបានរៀបចំឡើងវិញ
ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេសនៅថ្ងៃទី ១០ ខែតុលា។
នៅពេលនោះធនាគារជាតិនៃកម្ពុជាត្រូវបានស្តារឡើងវិញពីកំរិតសូន្យទាំងហេដ្ឋារចនាសម្ព័ន្ធ
និងធនធានមនុស្សត្រូវបានប្រមែប្រមូល និងកសាងជាបណ្តើរ ៗ
រហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយដែលមានឈ្មោះថា "ធនាគារជាតិ
នៃប្រជាជនកម្ពុជា" ។
ដោយសារអគារធនាគារក្រហម ត្រូវបានកម្ទេចទៅហើយនោះ ធនាគារជាតិ
នៃប្រជាជនកម្ពុជាបានបើកស្នាក់ការកណ្តាលរបស់ខ្លួនជាបណ្ដោះអាសន្ននៅ
លើអគារអតីតធនាគារខ្មែរសម្រាប់ពាណិជ្ជកម្ម ហើយបានរៀបចំរចនាសម្ព័ន្ធ
ក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាពប្រតិបត្តិការនៅទីស្នាក់ការកណ្តាល
និងបានពង្រីកបណ្តាញទៅបណ្តាខេត្ត-ក្រុងទាំង ២០ ទូទាំងប្រទេស
ធនាគារជាតិនៃប្រជាជនកម្ពុជាបានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា
ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការទូទាត់ក្នុងជីវភាពរស់នៅ របស់ប្រជាជន។ ចំណែកឯ
អគារធនាគារជាតិនៃកម្ពុជាដែលបាក់បែកត្រូវ បានរុះរើ និងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ
១៩៩០ ។
ចាប់ពីឆ្នាំ ១៩៨៩ ប្រព័ន្ធធនាគារត្រូវបានធ្វើការកែទម្រង់។
ធនាគារខេត្ត-ក្រុង ទាំង ២០ ត្រូវបានប្តូរឈ្មោះមកជាធនាគារឯកទេសខេត្ត-ក្រុងវិញ
ហើយធ្វើសកម្មភាពនៅលើដែនដីរបស់ខ្លួនតាមរបបស្វ័យាភិបាលសេដ្ឋកិច្ច និង ស្វ័យភាពហិរញ្ញវត្ថុ
ដោយមានធនាគារជាតិនៃប្រជាជនកម្ពុជាជាអ្នកបញ្ជា ណែនាំនិងត្រួតពិនិត្យ។
ក្រោយពីមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១
របត់នយោបាយ មួយត្រូវបានបង្កើតឡើងរបប សេដ្ឋកិច្ចត្រូវបានផ្លាស់ ប្តូរពី
សេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារ ដែលញ៉ាំងឱ្យមានការកែប្រែប្រព័ន្ធ
ធនាគារនៅកម្ពុជាពីប្រព័ន្ធធនាគារមួយថ្នាក់មកជាប្រព័ន្ធធនាគារពីរថ្នាក់
ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើវិស័យធនាគារតាមរយៈការ
អនុញ្ញាតឱ្យមានធនាគារពាណិជ្ជក្រោមច្បាប់ក្នុងស្រុកឬ ក្រោមទម្រង់ជា
សាខាធនាគារបរទេស។
ប្រការនេះតម្រូវឱ្យ ធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពបញ្ជាណែនាំ និងត្រួតពិនិត្យ ដោយ បានបង្កើតច្បាប់ និងប្រកាសផ្សេងៗ ជាបន្តបន្ទាប់រួមមាន ៖
១)
ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា រដ្ឋសភា
បានអនុមត័នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ។ ច្បាប់នេះបានកំណត់
បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជាគឺ "កំណត់ និងដឹកនាំនយោបាយរូបិយវត្ថុ
ដើម្បីរក្សាថ្លៃអោយមានស្ថិរភាព"
២)
ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់រដ្ឋសភាអនុម័តនៅថ្ងៃទី ២២ ខែ សីហា
ឆ្នាំ១៩៩៧
(៣)
ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ រដ្ឋសភាអនុម័ត នៅថ្ងៃទី ១៨
ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងចុងក្រោយនេះធនាគារជាតិនៃកម្ពុជាបានចងក្រង ឯកសារចក្ខុវិស័យ
និងផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០១-២០១០
ដែលជាឯកសារជាយុទ្ធសាស្ត្រ សម្រាប់ អភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅ
កម្ពុជាឱ្យមានភាពជឿនលឿន ប្រកប ដោយជំនឿទុកចិត្តពីសាធារណជន
និងអាចធ្វើសមាហរណកម្មចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ៕ ដោយ៖ភក្ដី
ប្រភព៖ធនាគារជាតិនៃកម្ពុជា







No comments:
Post a Comment