(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
និងលោកស្រី ឈុន ណារី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ផ្សារថ្មីប្រសូតិទី១
ស្ថិតនៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី២៨
ខែមីនា ឆ្នាំ២០១៩នេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត
លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីនាយក នាយករង ប្រធាន
អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកអភិបាលស្រុកស្វាយទាប ក្រុមប្រឹក្សាស្រុក
មន្ត្រីរាជការ កងកម្លាំងទាំងបី យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងអាជីវករ
បងប្អូនប្រជាពលរដ្ឋ ។
លោក ម៉ែន វិបុល
បានមានប្រសាសន៍ថ្លែងទៅកាន់ពាណិជ្ជករអាជីវករ អាជ្ញាធរដែនដី មន្ត្រីរាជការ
សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋនៅក្នុងពិធីសម្ពោធនោះថា៖
ការដាក់ឱ្យដំណើរការផ្សារថ្មីប្រសូតិទី១នៅពេលនេះ គឺមានសារសំខាន់ណាស់
ព្រោះផ្សារនេះនឹងផ្តល់ជាទីកន្លែងសមរម្យ ដល់ប្រជាពលរដ្ឋអាជីវករក្នុងការលក់ដូរ
ប្រកបរបបចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយផ្សារនេះក៏ជាទីកន្លែងប្រមូលផ្តុំ
ផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម កសិផល និងការរស់នៅបែបទាន់សម័យ និងសប្បាយរីករាយ
ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវជន កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ
ចូលមកទិញឥវ៉ាន់នានាតាមសេចក្តីត្រូវការរបស់ពួកគាត់ ។
លោកបន្តថា៖
ទីកន្លែងនេះពីមុនមិនមានកន្លែងលក់ដូរសមរម្យសម្រាប់បងប្អូនអាជីវករទេ
ក្រោយពីការវិនិយោគសាងសង់រួចរាល់ ផ្សារថ្មីដែលមានកម្ពស់២ជាន់ មានចំនួន១៥០តូប
និងបំពាក់ដោយជណ្តើយន្តនៅជាន់ទី១ថែមទៀតផងនោះ នឹងចូលរួមចំណែកផ្តល់នូវ
សោភ័ណភាពសម្រាប់ស្រុកស្វាយទាប ក៏ដូចជាខេត្តស្វាយរៀង កំពុងមានសក្តានុពលសេដ្ឋកិច្ច
ជាពិសេសផ្នែកឧស្សាហកម្មរោងចក្រ ដែលផ្តើមចេញពីការខិតខំរបស់រាជរដ្ឋាភិបាល
ដោយបានដឹកនាំប្រទេសជាតិពីបាតដៃទទេរ ធ្លាប់ញាំញ៉ីដោយសារសង្គ្រាម
ការកាប់សម្លាប់នៅរបបប្រល័យពូជសាសន៍ និងការបែកបាក់សាមគ្គីជាតិ ឲ្យក្លាយជាប្រទេសមួយ
ដែលទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស មានឯករាជ្យភាព
និងអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធមនុស្ស គោលការណ៍ច្បាប់
និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្នផងដែរ ៕ ដោយ៖ភក្ដី


















No comments:
Post a Comment