(ស្វាយរៀង)៖ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល
អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា
ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ
និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក
នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្នងការនគរបាលខេត្ត
លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក
លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន
និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ
លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ សហភាពសហពន្ធយុវជនកម្ពុជាខេត្ត
និងកងកម្លាំងប្រដាប់អាវុធនៃខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី
ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង
រួមទាំងការក្សាបាននូវ សន្ដិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល
។
ឯកឧត្ដមអភិបាលខេត្ត
ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ
និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ
មួយចំនួនដូចខាងក្រោម ៖
-១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
-២.មន្ទីរ-អង្គភាព
កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក
ត្រូវបន្តការសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងថែរក្សាសុខភាព
និងត្រៀមលក្ខណៈជានិច្ចក្នុងការថែរក្សាទឹកប្រើប្រាស់ទុក ស្របពេលដែលអាកាសធាតុបច្ចុប្បន្នកំពងកើនឡើងនូវកម្តៅក្នុងរដូវប្រាំងនេះ។
-៣.មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច
និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់
ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត ។
-៤-
អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវជម្រុញការដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន
អោយបានទាន់ពេលវេលាស្របតាមការសំណូមពរ និងពាក្សបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
-៥.រដ្ឋបាលក្រុង-ស្រុក
និងអង្គភាពពាក់ព័ន្ធត្រូវត្រៀមលក្ខណៈ រៀបចំវិធានការពង្រឹងការគ្រប់គ្រង
និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ៖ភក្ដី





No comments:
Post a Comment