ពិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”
(ស្វាយរៀង): ព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាលខេត្ត បានអញ្ជេីញក្នុងពិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ក្រោមធិបតីភាព ឯកឧត្ដម ហួត ស៉ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងពិធីផ្សព្វផ្សាយនោះផងដែរ ក៏មានវត្តមានអញ្ជេីញចូលរួមពី គណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម រ៉ាណ សុវណ្ណរិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក-លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ តំណាងសមាគម/អង្គការដៃគូ យុវជន ស.ស.យ.ក និងសិស្សានុសិស្សជាច្រើននាក់ទៀត។
ឯកឧត្តម ម៉ែន អេង មានប្រសាសន៍នាឱកាសនោះថា កិច្ចប្រជុំនៅពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការគាំទ្រដល់ការអនុវត្តការងារអាទិភាពសំខាន់ទាំង២ក្នុងចំណោមការងារអាទិភាពទាំង ៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧ឱ្យកាន់តែទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ឆ្លើយទៅនឹងគោលដៅ នៃការលើកកម្ពស់សុខុមាលភាព ប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដែលជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន ។
ឯកឧត្ដម ហួត ស៉ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ក្នុងកម្មវិធីគោរពយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធិសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តេីមកម្មវិធីរបបសន្តិសុខសង្គមនេះឡេីង ដេីម្បីជួយសម្រួលដល់សុខទុក្ខ និងជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម បានបន្ថែមថា ការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ គឺមិនអាចជួយបងប្អូនឱ្យរួចផុតពីភាពក្រីក្របានទាំងស្រុងនោះទេ គឺបងប្អូ នត្រូវមានជំនាញរៀងខ្លួនដេីម្បីប្រកបរបរចិញ្ចឹមជីវិត ដោយត្រូវរៀនជំនាញបន្ថែម វគ្គខ្លីៗ ដេីម្បីបានបន្តជីវភាព និងជីវិតរបស់បងប្អូ នៗទាំងអស់គ្នា។ ឯកឧត្តមបានបន្តទៀតថា សូមបងប្អូនជួយផ្សព្វផ្សាយនូវកម្មទាំងពីរនេះឱ្យបានទូលំទូលាយដល់ប្អូននៅមូលដ្ឋានឱ្យបានជ្រូតជ្រាបទាំងអស់គ្នា៕ ដោយ:ភក្ដី













No comments:
Post a Comment