អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”
(ស្វាយរៀង): នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជេីញចូលរួមពិធី "អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ។
ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រសួង, ក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត ,សាលាដំបូងខេត្ត, គណៈ អភិបាលក្រុងបាវិត, មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំសហជីព, សមាគមនិយោជក និងបងប្អូនកម្មករនិយោជិត សរុបប្រមាណ២ពាន់នាក់។
មានប្រសាសន៍ ទៅកាន់ពិធីនេះ ឯកឧត្ដម អភិបាលខេត្តបានបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាទិវាប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូលដែលត្រូវបានប្រារព្ធឡើង ដើម្បីរំលឹក ឡើងវិញ អំពីភាពជោគជ័យរបស់ពលករកាលពី ១៣៩ឆ្នាំមុន ដែលបានទាមទារឲ្យមានការទទួលស្គាល់តម្លៃ នៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាព ក្នុងការប្រកបការងារគ្រប់ប្រភេទដោយគ្មានការរើសអើង ។ សម្រាប់ប្រទេសកម្ពុជា យើងវិញ រាជរដ្ឋាភិបាលបានប្រារព្ធទិវាពលកម្ម អន្តរជាតិ ជារៀងរាល់ថ្ងៃទី ១ ខែឧសភា រៀងរាល់ឆ្នាំ ដែលជាថ្ងៃបុណ្យការងារ របស់ ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិតទាំងអស់ ហើយនៅឆ្នាំនេះ ក៏មិនខុសពីបណ្ដាឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំបំផុសឲ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងរោងចក្រ សហគ្រាស នានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដូចជាកម្មវិធីដែលយើងបាននិងកំពុងដំណើរការរៀបចំធ្វើនាពេលនេះ ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានស្នើដល់និយោជក កម្មករនិយោជិត និងអ្នកពាក់ព័ន្ធទាំងអស់ រក្សាឲ្យបាន នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រើប្រាស់នូវយន្តការនានាដែលមានស្រាប់ឲ្យអស់លទ្ធភាព ដើម្បីផលប្រយោជន៍ រួម ជាជាងយកផលប្រយោជន៍បុគ្គលជាធំ ហើយសូមយកស្មារតីនៃថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីរួមគ្នាពង្រឹងនូវសុខដុមរមនារវាងនិយោជក និងកម្មករ និយោជិត ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួមដែលត្រូវចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាបន្តធានាឲ្យបាននូវ «សហគ្រាសមួយជា សហគមន៍ សុខសាន្តមួយ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានសម្ដែង នូវការកោតសរសើរ និងថ្លែងអំណរគុណពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងនិយោជក និងកម្មករ និយោជិតទាំងអស់ ដែលកន្លងមកបានចូលរួមសហការធ្វើឲ្យបរិយាកាសការងារនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស និងរោងចក្រ សហគ្រាស ទាំងអស់ក្នុងខេត្ត ទាំងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ទាំងការអនុវត្ត ច្បាប់ស្ដីពីការងារ និងការអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺយើងអាចកាត់បន្ថយបានស្ទើរតែទាំងស្រុងនូវ ករណីដួលសន្លប់របស់កម្មករ ដោយឡែកចំពោះករណីតវ៉ាទាមទារផ្សេងៗដែលកើតឡើង គឺតែងតែប្រព្រឹត្តទៅដោយអនុលោមតាមគោលការណ៍ច្បាប់ ព្រមទាំងត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី និងការយោគយល់គ្នារវាងគ្រប់ភាគីពាក់ព័ន្ធ៕
ដោយ:ភក្ដី











No comments:
Post a Comment