កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ប្រធានបទស្ដីពី "ចរិយាធម៌ជាគុណតម្លៃនៃមូលធនមនុស្ស"
(ស្វាយរៀង): នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួរធម្មការនិងសាសនា បានចូលរួមក្នុងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ដែលរៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយក ដ្ឋានកិច្ចការសាសនា ក្រសួងធម្មការនិងសាសនា បានប្រារព្ធធ្វើនៅសាកលវិទ្យាល័យស្វាយរៀង ដែលមានអ្នកចូលរួមសរុប មាន៣៥០នាក់ ស្រី១៩៧នាក់។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួរធម្មការនិងសាសនា បានជម្រាបជូននូវសមិទ្ធផល ដែលទទួលបានពី កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះមាន
-កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការនិងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដឹកនាំដោយក្រសួងធម្មការ និងសាសនា ដែលមាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមជាប្រតិបត្តិករ ដោយមាន ការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានទូរទស្សន៍រដ្ឋ និងឯកជន។
ដោយឡែកកម្មវិធីទស្សនា ទានព្រះពុទ្ធសាសនានេះ ក៏មានគោលបំណងរួមចំណែកដល់ការអប់រំក្នុងនោះមាន៖
១-ជួយអប់រំទូន្មាន បណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ សុជីវធម៌ គុណធម៌ក្នុងសង្គម។
២-យល់ដឹងពីតម្លៃគុណផលនៃការសិក្សា។
៣-ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង បុព្វការីជនក្នុងគ្រួសារ និងសង្គម។
៤-សិស្សានុសិស្សចេះគោរពស្រឡាញ់ លោកគ្រូ អ្នកគ្រូ។
៥-ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការជួញដូរមនុស្ស អំពើអបាយមុខផ្សេងៗ។
៦-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។
៧-ចៀសផុតពីក្មេងទំនើងក្នុងសង្គម។
៨-និងបង្ការគ្រោះថ្នាក់ចរាចរណ៍៕



















No comments:
Post a Comment