ក្រុងបាវិតបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ បញ្ហាប្រឈម នៅត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ បញ្ហាប្រឈម នៅត្រីមាសទី៣ ឆ្នាំ២០២៥ និងលើក ទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សាម អ៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ដោយមានការចូលរួមពីក្រុមការងារជាច្រើននាក់ទៀត។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីវាយតម្លៃ និងពង្រឹងការអនុវត្តការងាររបស់ក្រុមការងារដែលបានសម្រេចនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ព្រមទាំងដាក់ចេញនូវទិសដៅច្បាស់លាស់សម្រាប់បន្តអនុវត្តនៅត្រីមាសបន្ទាប់។
លទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចលទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះរួមមាន៖
ការងារដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ៖ ក្រុមការងារបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមយន្តការដែលមានស្រាប់។
ការងារសន្តិសុខ សណ្ដាប់ធ្នាប់៖ បានយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការទប់ស្កាត់បទល្មើសផ្សេងៗ។
ការងារសេដ្ឋកិច្ច និងជីវភាពរស់នៅ៖ ក្រុមការងារបានចូលរួមជំរុញ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងបានជួយដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារអប់រំ សុខាភិបាល វប្បធម៌ និងទេសចរណ៍៖ បានរួមចំណែកក្នុងការលើកកម្ពស់វិស័យទាំងនេះ តាមរយៈការអនុវត្តគម្រោង និងសកម្មភាពនានា។
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ក្រុមការងារបានដាក់ចេញនូវ ទិសដៅអនុវត្តបន្ត សំខាន់ៗមួយចំនួន ដូចជា៖
ការបន្តដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៖ បន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋបានលើកឡើង។
ការបង្កើនប្រសិទ្ធភាពការងារ៖ ជំរុញការសម្របសម្រួល និងសហការផ្ទៃក្នុងក្រុមការងារ និងជាមួយអាជ្ញាធរមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ។
ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៖ បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសង។
ការអភិវឌ្ឍន៍មូលដ្ឋាន៖ បន្តយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានក្នុងមូលដ្ឋានក្រុងបាវិត។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត សាម អ៊ុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបានលទ្ធផលការងារជាវិជ្ជមានក្នុងត្រីមាសទី៣ កន្លងទៅ និងបានជំរុញឱ្យបន្តអនុវត្តនូវទិសដៅដែលបានដាក់ចេញដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាវិតឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕
ដោយ:ភក្ដី





















No comments:
Post a Comment