ខេត្តស្វាយរៀងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត"
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តស្វាយរៀងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត" ដ៏មានសារៈសំខាន់មួយ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីលោក សុខា រ៉ាម អភិបាលរងខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីដែរពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក សុខា រ៉ាម អភិបាលរងខេត្ត បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងពន្យល់ដល់មន្ត្រីរាជការ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ឱ្យបានយល់ដឹងច្បាស់អំពីខ្លឹមសារនៃ "ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត" ព្រមទាំងដើម្បីលើកកម្ពស់ការអនុវត្តច្បាប់នេះ ប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវតាមស្មារតីច្បាប់ ក្នុងការចូលរួមធានានូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់នេះថាជាមូលដ្ឋានគ្រឹះក្នុងការ៖
១.ពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងវិស័យទឹកស្អាត។
២.លើកកម្ពស់គុណភាព សុវត្ថិភាព និរន្តរភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្គត់ផ្គង់ទឹកស្អាត។
៣.ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ជាតិ។
ឯកឧត្តម អ៊ុំ សុថា បានបញ្ជាក់ថា សិក្ខាសាលានេះបានសបញ្ជាក់នូវការប្ដេជ្ញាចិត្តខ្ពស់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចូលរួមអនុវត្យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងវិស័យទឹកស្អាត ដើម្បីលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
ដោយ:ភក្ដី











































No comments:
Post a Comment