ខេត្តស្វាយរៀង រៀបចំពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ នៅក្រុងបាវិត
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានរៀបចំពិធីអបអរសាទរ “ទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤៣” ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» ពិធីនេះបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត។
ក្នុងឱកាសនោះ លោក ញ៉ែម សារី អភិបាលរងខេត្តបានលើកឡើងនូវរបាយការណ៍គួរឱ្យកត់សម្គាល់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ នៅក្នុងខេត្តស្វាយរៀងមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៤០ បានទទួលជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៧៥០២នាក់ (ក្នុងនោះស្រ្តីមានពិការភាព ១០៣៥នាក់)។ ដោយឡែក សម្រាប់វិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា ចំនួន ៤៦៦ បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៦៩០៥នាក់ (ស្រ្តីមានពិការភាព ៤៥២៧នាក់)។
ដើម្បីបន្តលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាព លោកអភិបាលរងខេត្តបានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួនដល់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ រួមមាន៖
១.ការពង្រឹងច្បាប់ និងយុទ្ធសាស្ត្រ៖ បន្តផ្សព្វផ្សាយ និងអនុវត្ត "ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨" ឱ្យមានប្រសិទ្ធភាពខ្ពស់។
២.ការបង្កលក្ខណៈងាយស្រួល៖ ជំរុញការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់អគារសាធារណៈទាំងអស់ ឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើរ និងការប្រើប្រាស់របស់ជនមានពិការភាព។
៣.សេវាសុខាភិបាល និងការងារ៖ បន្តផ្តល់សេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសិប្បនិម្មិត ដោយមិនគិតថ្លៃ ព្រមទាំងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីឱ្យពួកគេមានឱកាសការងារស្មើភាពក្នុងសង្គម។
៤.ការគាំពារសង្គម៖ ជំរុញការផ្តល់ប័ណ្ណសម្គាល់ពិការភាព និងប័ណ្ណមូលនិធិសមធម៌សង្គម ជូនដល់ជនមានពិការភាពនៅតាមមូលដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយ។
ជាទីបញ្ចប់ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង នៅតែបន្តចាត់ទុកការងារពិការភាពជាអាទិភាព ដើម្បីធានាថា “មិនបោះបង់ពលរដ្ឋណាម្នាក់” និងផ្ដល់ឱកាសស្មើៗគ្នាដល់គ្រប់បុគ្គលក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕
ដោយ:ភក្ដី



















No comments:
Post a Comment