ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍”
ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍” និងលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា នៅថ្ងៃ អង្គារ ទី ៩ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានធ្វើពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២៤៥ នាក់ មកពី ៥ ស្រុក-ក្រុង ក្នុងខេត្តស្វាយរៀង គឺស្រុកស្វាយជ្រំ ស្វាយទាប រំដួល កំពង់រោទិ៍ និងក្រុងស្វាយរៀង ។ ពិធីនេះប្រារព្ធធ្វើនៅទីស្នាក់ការសាខា ក្រោមអធិបតីភាព លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុប្រធានគណៈកម្មាធិការសាខា ជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា តំណាងឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា ជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសារលិខិត និងគាំទ្រការបំពេញភារកិច្ចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវបានអញ្ជើញអ្នករស់នៅជាមួយមេរោគអេដស៍ អ្នកស្ម័គ្រចិត្ត និងយុវជន មកចូលរួមត្រងត្រាប់ស្តាប់សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ។ អំណោយដែលបានចែកជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ទាំង ២៤៥ នាក់ ក្នុង ១ នាក់ទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ក្រម៉ា ១ សាប៊ូដុសខ្លួន ១ ដប សាប៊ូកក់សក់ ១ ដប ថ្នាំដុសធ្មេញ ១ ច្រាស់ដុសធ្មេញ ១ និងថវិកាមួយចំនួន ។























No comments:
Post a Comment