កម្លាំងសាមគ្គីជាតិខ្មែរ! លោកអភិបាលក្រុងបាវិត និងលោកអភិបាលក្រុងស្វាយរៀង នាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន១០០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ
នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ក្នុងស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយសហជនរួមជាតិ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និង លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១០០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាទីតាំងប្រមូលផ្ដុំបងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់ជួរមុខ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាលក្រុងទាំងពីរ បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ "ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការគំរាមកំហែងលើបូរណភាពទឹកដី ស្មារតី 'ខ្មែរតែមួយ រួមគ្នាជួយខ្មែរ' គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវរួបរួមសាមគ្គីគ្នា ក្នុងគ្រាលំបាកត្រូវមានទុក្ខរួមទុក្ខ មានសុខរួមសុខ ដើម្បីការពារសន្តិភាព និងទឹកដីរបស់យើង។
ចំពោះសកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ឱ្យដឹងថាពួកគេមិននៅឯកោឡើយ។
លោកអភិបាលក្រុង បានបញ្ជាក់ផងដែរថា: ចំពោះអំណោយស្បៀងនិងសម្ភារៈទាំងនេះ រដ្ឋបាលក្រុងបានរៀបចំគៀងគរពី បងប្អូនសប្បុរសជនក្នុងខេត្តស្វាយរៀង ដោយស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នា៕
ដោយ:ភក្ដី
















No comments:
Post a Comment