ក្រុមការងារចុះត្រួតពិនិត្យទីលានទុកដាក់សំរាម និង ប្រព័ន្ធលូទឹកកខ្វក់ក្រុងបាវិត ស្ថិតនៅសង្កាត់ច្រកម្ទេស រួចនឹងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៅសាលប្រជុំសាលាក្រុងបាវិត
(ស្វាយរៀង): នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សេង សីលា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត និងលោក ពូ មានិង អគ្គនាយករង នៃអគ្គនាយកដ្ឋានចម្រោះទឹកកង្វក់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីលានទុកដាក់សំរាម និង ប្រព័ន្ធលូទឹកកខ្វក់ក្រុងបាវិត ស្ថិតនៅសង្កាត់ច្រកម្ទេស រួចនឹងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៅសាលប្រជុំសាលាក្រុងបាវិត និងមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពអនុវត្តគម្រោង (PIU) និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។
សកម្មភាពការងារបានបែងចែកជា២ដំណាក់កាលសំខាន់ៗ ដើម្បីធានាបាននូវប្រសិទ្ធភាពទាំងការអនុវត្តជាក់ស្តែង និងការងាររដ្ឋបាល៖
១. ការចុះពិនិត្យទីតាំងជាក់ស្តែង (ពេលព្រឹក)៖
ក្រុមការងារបានចុះទៅពិនិត្យដោយផ្ទាល់នៅ ទីលានទុកដាក់សំរាម និងប្រព័ន្ធលូទឹកកខ្វក់ក្រុងបាវិត ដែលមានទីតាំងស្ថិតក្នុងសង្កាត់ច្រកម្ទេស។
គោលបំណងចម្បងនៃការចុះពិនិត្យនេះគឺ៖
⁃ វាយតម្លៃលើគុណភាពសំណង់ និងបច្ចេកទេសនៃការរៀបចំទីលានទុកដាក់សំណល់។
⁃ ពិនិត្យមើលដំណើរការនៃប្រព័ន្ធរំដោះទឹក និងការគ្រប់គ្រងទឹកកខ្វក់ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ។
⁃ តាមដានការអនុវត្តការងារតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ក្នុងគម្រោង។
២. កិច្ចប្រជុំបូកសរុប និងវាយតម្លៃ (ពេលរសៀល)៖
បន្ទាប់ពីបញ្ចប់ការចុះពិនិត្យទីតាំង ក្រុមការងារបានបន្តកិច្ចប្រជុំនៅ សាលប្រជុំសាលាក្រុងបាវិត ដើម្បី៖
⁃ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរនានាដែលបានជួបប្រទះក្នុងពេលចុះអនុវត្តការងារ។
⁃ តាមដានវឌ្ឍនភាពការងារសរុបនៃគម្រោងទីក្រុងស្អាត និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
⁃ ដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជំរុញឲ្យគម្រោងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាពខ្ពស់។
លោក សេង សីលា អភិបាលរងខេត្ត មានប្រសាសន៍លើកឡើងថា: ការអភិវឌ្ឍទីលានទុកដាក់សំរាម និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងបាវិត គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត ស្របពេលដែលក្រុងបាវិតកំពុងមានការរីកចម្រើនយ៉ាងរហ័សលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងកាស៊ីណូ។ ការគ្រប់គ្រងសំណល់បានល្អ មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញវិនិយោគិន និងបង្កើនភាពជឿជាក់លើការរស់នៅប្រកបដោយចីរភាព។
លោកបន្តទៀតថា: តាមរយៈការដឹកនាំចុះពិនិត្យផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញថ្នាក់ជាតិក្នុងថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាថាហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវបានសាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋយូរអង្វែង និងប្រកបដោយបរិស្ថានបៃតង។
លោកបានស្នើដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងជំរុញការងារឱ្យទាន់តាមផែនការដែលបានកំណត់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងក្រុងបាវិត ជាពិសេសលើការលើកកម្ពស់សោភ័ណភាពក្រុង និងការរស់នៅប្រកបដោយអនាម័យ៕
ដោយ:ភក្ដី
































No comments:
Post a Comment